រចនាសម័្ពន្ធ
រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖
- ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
- រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
- រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
- តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
បំណែងចែករដ្ឋបាល
តាមរយៈច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានរដ្ឋសភាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើ កាលពីពេលថ្មីៗ មានជាអាទិ៍ ៖ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
- ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តប៉ៃលិន។
- បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពុងចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
- ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឬស្សី,ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទងនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ បំបែកពីស្រុកក្រចេះពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។
សរុបសេចក្ដីមក រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញ ជារាជធានី និងខេត្តចំនួន២៣ ក្រុងចំនួន២៦ ស្រុកចំនួន១៥៩ ខណ្ឌចំនួន៨ ឃុំចំនួន១៤១៧ និងសង្កាត់ចំនួន២០៤។
ទំនាក់ទំនងអន្តរជាតិ
ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិតាំងពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៥៥មកម្ល៉េះ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។ ហើយប្រទេសកម្ពុជាក៏ជាសមាជិក នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។
បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមានប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំនាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ជម្លោះអន្តរជាតិ
បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងស្ថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់ ។