Sunday, May 3, 2009

ប្រព័ន្ធគមនាគមន៏ជាតិ


ប្រព័ន្ធគមនាគមន៍ជាតិ
     ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង​ ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
     ១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
·         ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
·         ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
·         ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ គ.ម ។
·         ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។
·         ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាម ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់
ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
·         ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ គ.ម ។
·         ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ គ.ម ។
ផ្លូវខេត្តមានប្រវែង ៣៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា​ ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
     ២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖
·         ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
·         ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។
     ៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ
  គឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹក
ជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនាប្រាសាទអង្គរនិង ប្រាសាទផ្សេងៗទៀត 
ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេស​បារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
     ៤ ប្រព័ន្ធផ្លូវទឹក ៖  ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
1.      ប្រព័ន្ធទន្លេមេគង្គ ៖ ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
1.      របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
2.      ដៃទន្លេមេគង្គ ៖ ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
2.      ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមានទន្លេសាបនិងបឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
1.      របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
2.      ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
3.      ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
3.      ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
·         កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។